កម្ពុជា-ថៃ ពិភាក្សារកដំណោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា ខណៈកម្ពុជាសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLOS
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងថៃ ពិភាក្សារកដំណោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា ខណៈកម្ពុជាសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLO «យើងក៏ពិភាក្សាអំពីមាគ៌ានាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលកម្ពុជាបានសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១»។ នេះជាការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា នេះជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំងពីរ។
បើតាមសម្ដេចធិបតី កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ។
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង ដោយបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់គឺ JBC, GBC និង RBC នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ។
សម្ដេចធិបតីក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់៕



ប្រភព៖ ក្រសួងព័ត៌មាន