ឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាថ្ងៃនេះ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃអាទិត្យទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំហ្វីលីពីនមកកាន់កម្ពុជាក្នុងរយៈពេលជិត៩ឆ្នាំដែលជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ទីក្រុងម៉ានីលកាលពីដើមឆ្នាំនេះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ម៉ាកូស នឹងផ្តោតសំខាន់លើគោលបំណងធំៗចំនួន ៣ មានដូចជាការពង្រីកពាណិជ្ជកម្ម ការពង្រឹងទំនាក់ទំនងការអនុវត្តន៍ច្បាប់ និងការស្វែងរកការគាំទ្ររបស់កម្ពុជាសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំ ២០២៦។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឯកឧត្តម Ferdinand Romualdez Marcos Jr.ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្ដៅនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាណាចរវាងប្រទេស និងប្រជាជនទាំងពីរ៕




ប្រភព៖ ក្រសួងព័ត៌មាន