ចាបពីថ្ងៃនេះ ដល់ថ្ងៃទី ៦ ខែឧសភា កម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ នឹងផ្គររន្ទះ។

យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងំលើប្រទេសកម្ពុជា។
ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ១៥%។
ដោយឡែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម