នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់បានជនឆ-បោកម្នាក់ ដែលលួចចូលគ្រប់គ្រងគណនីតេឡេក្រាម រួចឱ្យជនរងគ្រោះផ្ទេរប្រាក់តាមគណនីធនាគារ
(រាជធានីភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះ ហើយឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈគណនីធនាគារ។

តាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះ ដោយឆបោកជនរងគ្រោះផ្ទេរប្រាក់តាមរយៈគណនីធនាគារ។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១រូប ឈ្មោះ ម.ម ភេទស្រី ជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ក៍ដូចជាគណនីបណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអានាមិក និងឈានទៅដល់ការបាត់បង់ផងប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕
