ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ជាប្រធានាធិបតីទី១ ​ប្រើប្រាស់អាកាសយានដ្ឋាន​អន្តរជាតិតេជោនៅថ្ងៃចាប់ផ្តើមដំបូង

    BY soknita September 9, 2025
    ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ជាប្រធានាធិបតីទី១ ​ប្រើប្រាស់អាកាសយានដ្ឋាន​អន្តរជាតិតេជោនៅថ្ងៃចាប់ផ្តើមដំបូង

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃ​សាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ​នៅព្រះរាជា​ណា​ចក្រកម្ពុជា​ប្រកដោយផ្លែផ្កា។

    ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញាឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហ្វីលីពីន បានគូសរំលេចឱ្យឃើញ អំពីវត្តមានប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានារយៈពេល៩ឆ្នាំចុងក្រោយនេះ។

    លើសពីនេះ អ្វីដែលជាការកត់សម្គាល់ជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីននោះ ខណៈជើងហោះហើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611)ជាជើងហោះហើរដំបូងគេចុះចតនៅអាកាសយាន​ដ្ឋានអន្តរជាតិតេជោ ,ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន​ និងលោកជំទាវ ព្រម​ទាំងគណៈប្រតិភូជាន់ខ្ពស់បាន ក្លាយជាឥស្សរជនជាន់ខ្ពស់អន្តរជាតិដំបូងគេដោយធ្វើដំណើរហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះធំជាងគេ នៅកម្ពុជា ហើយទើបចាប់ផ្តើមទទួលស្វាគមន៍​ភ្ញៀវជាតិ អន្តរជាតិជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញានេះដែរ។

    ជាមួយនឹងវត្តមានដ៏ឧតុង្គឧត្តមរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋហ្វីលីពីននិងជាថ្ងៃនក្ខត្តប្ញក្សរបស់ព្រះរាជាចក្រកម្ពុជានូវសមិទ្ធផលតម្លៃរាប់ពាន់លានដុល្លារ ក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា”អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជា​ឆ្ពោះទៅកាន់ពិភពលោក”។

    សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាព​ថ្មីមួយរបស់កម្ពុជា គឺបានប្រកាស បើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់ វិស័យ អាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជា​មជ្ឈមណ្ឌល អាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

    សម្ដេចតេជោបានគូសរំលេចថា ជើងហោះហើរដំបូងគេ នឹងចូលចតក្នុង អាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុន​អាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយ​គេបង្អស់ដែលចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

    ចំណែកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុក​នៅ​ថ្ងៃនេះដែរ​ដោយខ្លឹមសារថា”អបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវា​កម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

    សម្ដេចបវរធិបតីគូសបញ្ជាក់ថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនមួយក្នុង​ចំណោមមធ្យោបាយ​ជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង របស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេសពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួន​យ៉ាង​សកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើន​​នៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅ មកកាន់កម្ពុជា។

    សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំង​យុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។

    លក្ខណៈ​​សម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុង វិស័យ អាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋាន​អាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

    ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួល អ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុង​មួយឆ្នាំ និងដោះស្រាយ ទំនិញបាន ២៦,០០០ តោន។ជាមួយគ្នានេះក្រុមហ៊ុនវិនិយោគមានមហិច្ឆតា​អភិវឌ្ឍន៍ជា​ព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់ អាស៊ីផង ដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: