លោកសាស្ត្រាចារ្យបណ្ឌិត ដែលទទួលពានរង្វាន់ ណូបែលរូបវិទ្យា មានគម្រោងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា
(រាជធានីភ្នំបេញ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកសាស្ត្រាចារ្យបណ្ឌិត ដែលទទួលពានរង្វាន់ ណូបែលរូបវិទ្យា មានគម្រោងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា។

លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា បានលើកឡើងទៀតថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។
ការគូសបញ្ជាក់ដូច្នេះ បានធ្វើឡើងក្នុឱកាសចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកបានបញ្ជាក់ទៀតថា គម្រោងរបស់លោក នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឲ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។ សម្តេចតេជោបានលើកឡើងទៀតថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោងរបស់លោកសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឱ្យកាន់តែមានភាពរីកចម្រើន។
សម្តេចតេជោ បានប្រាប់លោកសាស្ត្រាចារ្យ ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។ ជាមួយគ្នានេះក្រៅពីពិភាក្សាផ្នែកវិទ្យាសាស្ត្រ លោកសាស្ត្រាចារ្យបានឆ្លៀត ចោទសួរដោយស្នើឱ្យសម្តេចតេជោ ចែករំលែកទាក់ទងទៅគន្លឹះក្នុងការដឹកនាំប្រទេសចេញពីសង្គ្រាមបែកបាក់ មកមានការឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
សម្តេចតេជោ បានមានប្រសាសន៍ពីប្រវត្តិនៃការខិតខំអភិវឌ្ឍឲ្យប្រទេសជាតិពីបាតដៃទទេ រួមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសន្តិភាពនៅឆ្នាំ ១៩៩៨ ជាពិសេសទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រោយកម្ពុជាមានសន្តិភាព ឱ្យមានការរីកចម្រើន។ លោកសាស្ត្រាចារ្យក៏បានស្តាប់ដោយយកចិត្តទុកដាក់ និងកោតសរសើរនូវការពលីកម្មនិងគតិបណ្ឌិតរបស់សម្តេចតេជោ ជាពិសេសនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ៕




ប្រភព៖ ក្រសួងងព័ត៌មាន