ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញពីសក្ដានុពលវិនិយោគកម្ពុជា ក្នុងវេទិកាវិនិយោគពេលអនាគតនៅប្រទេសចិន

    BY SOMATEY September 9, 2025
    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញពីសក្ដានុពលវិនិយោគកម្ពុជា ក្នុងវេទិកាវិនិយោគពេលអនាគតនៅប្រទេសចិន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ​ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នារសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាវិនិយោគពេលអនាគត (Future Investment Conference – FIC) ដែលរៀបចំដោយអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ក្នុងភាពជាដៃគូជាមួយពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។

    វេទិកានេះបានប្រមូលផ្ដុំដោយថ្នាក់ដឹកនាំពីប្រទេសជាច្រើនជុំវិញពិភពលោក វិនិយោគិន និងអ្នកច្នៃប្រឌិតជាច្រើនរូប ដើម្បីផ្លាស់ប្តូរទៅវិញទៅនូវការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ វេទិកានេះបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

    ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផ្តោតលើបញ្ចកោណចំនួន៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

    បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកម្ពុជា ដោយហេតុថាកម្ពុជាបានផ្តល់ឱកាសវិនិយោគជាច្រើនដោយផ្អែកលើសក្ដានុពលដែលអាចផ្ដល់ជូន។ សក្ដានុពលទាំងនោះមានជាអាទិ៍ ទីតាំងយុទ្ធសាស្ត្រចំបេះដូងនៃតំបន់អាស៊ានតភ្ជាប់ខ្វាត់ខ្វែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងផ្លូវអាកាស, បរិយាកាសវិនិយោគបើកចំហ និងប្រកួតប្រជែង, កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត, ទីផ្សារទូលំទូលាយ តាមរយៈសមាជិកភាពនៃអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌនានាផ្សេងទៀត, ពិសេសមានរដ្ឋាភិបាលគាំទ្រដល់ភាពរីកលូតលាស់របស់វិនិយោគិន។

    ជាមួយគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងធ្វើឱ្យស៊ីជម្រៅលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ។

    កម្ពុជាសូមបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសនានាផ្សេងទៀតក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនមានជាអាទិ៍ វិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថលជាដើម៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: