អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចុះនៅរដ្ឋបាលឃុំ ឬសង្កាត់ និងត្រូវមានឯកសារទាំងនេះមកជាមួយ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងពី ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចុះនៅរដ្ឋបាលឃុំ សង្កាត់ និងត្រូវមានឯកសារមួយចំនួនមកជាមួយ។ លើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបន្ថែពី នីតិវិធីបែបបទក្នុងការចុះបញ្ជីអាពាហ៍ពិពាហ៍ផងដែរ។

១. ការដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍
បុរស នារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ទៅ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ នៅទីកន្លែងណាមួយដូចខាងក្រោម៖
រដ្ឋបាលឃុំ សង្កាត់ ដែលបុរសរស់នៅ ឬ រដ្ឋបាលឃុំ សង្កាត់ ដែលនារីរស់នៅ។
២. ឯកសារភ្ជាប់សម្រាប់ស្នើសុំរៀបអាពាហ៍ពិពាហ៍
ការស្នើសុំរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ មានដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬ
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬ
-លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង
-លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ និង
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
៣. ការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍
បណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈ ដោយធ្វើឡើងជាប់គ្នាជាបន្តបន្ទាប់ក្នុង រយៈពេល ១០ថ្ងៃ ដើម្បីឱ្យជនដែលមានផលប្រយោជន៍ អាចប្តឹងជំទាស់អាពាហ៍ពិពាហ៍នេះបាន។ ប្រសិនបើគ្មានការប្តឹងជំទាស់ អាពាហ៍ពិពាហ៍អាចធ្វើឡើងគ្រប់ពេលវេលា នៅក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។
៤. ការចុះបញ្ជីអាពាហ៍ពិពាហ៍
ក្រោយផុតរយៈពេល១០ថ្ងៃ នៃការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ បុរស នារី អាចស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍បាននៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ដែល បានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះ ដោយនាំទៅជាមួយនូវសាក្សី ២រូប ជានីតិជន។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចាត់ទុកជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ មានរយៈពេល ៣ថ្ងៃ នៃថ្ងៃការងារ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម