ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន អញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន អញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕





ប្រភព៖ ក្រសួងព័ត៌មាន