មហាជននាំគ្នាបាញ់ Apple កប់ៗថា ផលិតកុំព្យូទ័រមកសម្រាប់តែអ្នកមាន គ្រាន់តែជើងទ្រ Monitor ក៏ថ្លៃ ១,០០០ដុល្លារដែរ
- June 5, 2019
ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួននៅឯសន្និសិទ្ធប្រចាំឆ្នាំ Developer’s Conference កាលពីដើមសប្តាហ៍នេះ ដែលមានផលិតផលមួយចំនួនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជននៅជុំវិញពិភពលោក។ ផលិតផលថ្មីមួយរបស់ Apple ដែលកំពុងតែក្លាយជាប្រធានបទក្តៅនៅតាមបណ្តាញសារព័ត៌មាននោះគឺ កុំព្យូទ័រ Mac Pro មួយឈុត ដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ។ តាមការចុះផ្សាយរបស់សារព័ត៌មាន DAILYMAIL បានបង្ហាញថាម៉ាស៊ីនកុំព្យូទ័រ Mac Pro ស៊េរីថ្មីមានតម្លៃ ៥,៩៩៩ ដុល្លារ រីឯ Monitor របស់វាមានតម្លៃ ៤,៩៩៩០ ដុល្លារ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺគ្រាន់តែជើងទ្រ Monitor ក៏មានតម្លៃរហូតដល់ ៩៩៩ ដុល្លារដែរ។
តាមការអះអាងរបស់ Apple បានបញ្ជាក់ថា កុំព្យូទ័រដែលមានជិតតម្លៃ ១២,០០០ ដុល្លារនេះ មានចំណុចពិសេសយ៉ាងច្រើន ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ។ យ៉ាងណាក្តី សាធារណៈជនជាច្រើនបានបញ្ចេញមតិតាមបណ្តាញសង្គមថា បើទោះជា Mac Pro មានចំណុចពិសេសយ៉ាងណាក៏ដោយ តែតម្លៃរបស់វាហាក់ខ្ពស់ខ្លាំងណាស់សម្រាប់ប្រជាជនទូទៅ ហើយកុំព្យូទ័រប្រភេទនេះស័ក្កសមជាមួយតែក្រុមហ៊ុនធំៗ ឬអ្នកមានលុយច្រើនតែប៉ុណ្ណោះ។ អ្នកខ្លះបានបញ្ចេញមតិបែបឌឺដងដាក់ Apple ថា គ្រាន់តែជើងទម្រ Monitor ស៊េរីថ្មី អាចទិញបាន iPhone មួយគ្រឿងបានទៅហើយ៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:










