ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ តាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

    BY soknita September 19, 2025
    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ តាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ តាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅ ផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។

    ដោយសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មហាវិថី សម្តេចតេជោ ហ៊ុន សែន ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ មហាវិថីសម្តេចតេជោ ហ៊ុន សែន បានក្លាយជាផ្លូវដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីនេះ បានជួយសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយរយៈពេល ធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យមានការអភិវឌ្ឍនិងកំណើនប្រជាសាស្ត្រ នៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ។

    ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥ នេះ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យ ប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ មានការអភិវឌ្ឍ និងមានកំណើនប្រជាសាស្ត្រយ៉ាងឆាប់រហ័ស ជាពិសេសនៅ ក្រោយពេលការដាក់ឱ្យដំណើរការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ បានធ្វើឱ្យ មហាវិថីសម្តេចតេជោ ហ៊ុន សែន មានសភាពកាន់តែមមាញឹក ដែលអាចបង្កជាការរំខានដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។ ដូចនេះ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទដូចខាងក្រោម៖

    ១- មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាស សម្តេច បវរធិបតី។

    ២- រថយន្តធុនធ្ងន់គ្រប់ប្រភេទត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ ម្ចាស់ សហគ្រាស និងក្រុមហ៊ុនដឹកជញ្ជូន ជ្រាប និងចូលរួមអនុវត្តសេចក្តីណែនាំខាងលើឱ្យមានប្រសិទ្ធភាព៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: