ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគបន្ថែមក្នុងខេត្តព្រះសីហនុ

    BY soknita October 1, 2025
    រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគបន្ថែមក្នុងខេត្តព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៧ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០ លានដុល្លារ ក្នុងខេត្តព្រះសីហនុ។

    យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំថា ដូចកិច្ចប្រជុំលើកមុនៗ ក្រុមការងារនឹងពិនិត្យ ហើយសម្រេចជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្តពិសេស ដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត ។ បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្តហើយ,ក្រុមការងារ និង ក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និង ការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគ ដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និង បង្កើតការងារធ្វើ ជូនប្រជាជន ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ការងារដំបូងរបស់ក្រុមការងារ គឺការផ្តល់គោលការណ៍លើកទឹកចិត្ត, ទី២ ក្រុមការងារផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍នោះ ក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ហើយ ទី៣ ក្រុមការងារត្រូវផ្តោតការយកចិត្តលើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និង ជំនាញ និង ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការ ដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និង ប្រភេទទំនិញ ។ លើសពីនេះទៀត, ក្រុមការងារបានសម្របសម្រួលស្រង់ស្ថិតិពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តព្រះសីហនុ ដែលមានចំនួន ៦៤៥ នាក់ សម្រាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្វែងរកការងារជូនពលករចំណាកស្រុក, ខណៈដែលរដ្ឋបាលខេត្តបានជួយស្វែងរកការងារជូនពលករចំណាកស្រុកពីប្រទេសជិតខាង បានចំនួន ៥៣៩ នាក់។

    ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០ និងគម្រោងថ្មី ចំនួន ៥ និង គម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ១៩៥ កន្លែង ។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម,គម្រោងអគារពហុមុខងារ និង គម្រោងសណ្ឋាគារ ។

    សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨០១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥០ ៦៧០ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។

    បន្ថែមពីលើការផ្តល់គោលការណ៍នេះ ក្រុមការងារបានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និង ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។

    ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការ វិនិយោគ ។ វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ៖

    ១).ការិយាល័យក្រុងព្រះសីហនុ មានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០ (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យក្រុងភ្នំពេញ មានអាសយដ្ឋាននៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: