ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រាចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម

    BY soknita October 1, 2025
    អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រាចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម

    (ខេត្តកំពង់ចាម)៖ កាលពីល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រាចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម។

    ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ថវិកា និងសម្ភារសិក្សាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ព្រមទាំងសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ដែលប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម នារសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា នេះជាការលើកទឹកចិត្ត ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតាបិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមផងដែរ ។

    ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនសិស្សនិទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (laptop) ១ គ្រឿង ថវិកា ចំនួន ១លានរៀល និងសម្ភារសិក្សាមួយចំនួន។ ផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ជាប់បាក់ឌុប ចំនួន ៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២លានរៀល សម្ភារសិក្សាមួយចំនួន និងអាហារូបករណ៍។ សិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ចំនួន ១នាក់ ទទួលបាន កុំព្យូទ័រ (Laptop) ១គ្រឿង ថវិកា ១លានរៀល សម្ភារសិក្សាមួយចំនួន និងអាហារូបករណ៍ ព្រមទាំងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៥ក្នុងក្រុងកំពង់ចាម ដោយក្នុង ១វិទ្យាល័យ ទទួលបានថវិកាចំនួន ២លានរៀល ផងដែរ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: