ផ្សារផលិតផលខ្មែរខេត្តកែប កំពុងដាក់លក់ បន្លែ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កសិផល និងផលិតផលខ្មែរ ជាច្រើនមុខដូចជា អង្ករ សាច់មាន់ បន្លែគ្រប់មុខ ជី ស្លឹកគ្រៃ ទឹកត្រីកែប ម្រេច ម្ហូបអាហារសមុទ្រ។

ត្រូវបានដាក់លក់នៅផ្សារផលិតផលខ្មែរខេត្តកែប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក – ១២ថ្ងៃត្រង់ ចំនួន ០២ទីតាំង ៖
ទីតាំងទី១ ៖ នៅជិតរង្វង់មូលជ្រូកទឹក (ទល់មុខមន្ទីរទេសចរណ៍ខេត្ត) ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/zWoKkPXox5RbQBkx5?g_st=ipc
ទីតាំងទី២ ៖ នៅឆ្នេរអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/3mzKBhn12Bz1ZmiT8?g_st=atm
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកែប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕





ប្រភព៖ ក្រសួងព័ត៌មាន