ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះសួរសុខទុក្ខ នាំយកអំណោយជូនដល់កងកម្លាំងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន

    BY Nisaiy KN October 5, 2025
    អភិបាលខេត្តប៉ៃលិន អញ្ជេីញចុះសួរសុខទុក្ខ នាំយកអំណោយជូនដល់កងកម្លាំងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន

    (ខេត្តប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។

    លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។

    លោកជំទាវ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជានិងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលាបើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។

    ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធធនធានសេដ្ឋកិច្ច ជូនកងទ័ពនិងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: