ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិននាចុងសប្តាហ៍នេះ

    BY SOMATEY October 8, 2025
    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិននាចុងសប្តាហ៍នេះ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥។

    កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងជាប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។

    កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត សម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីទំាងអស់ និងគោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

    នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃ សេចក្តីប្រកាសទីក្រុងប៉េកំាង សម្តេចប្រធានរដ្ឋសភានឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងមានទស្សនៈវែងឆ្ងាយ របស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តំាងពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា ”ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច”។

    អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភាមានគម្រោងជួបពិភាក្សារងារជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះមាន ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ផងដែរក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមានពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម ទេសចរណ៍ជាដើម៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: