ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត ដោយរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ រំលោភលើអង្គហេតុចំនួន៤

    BY Nisaiy KN October 11, 2025
    សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត ដោយរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ រំលោភលើអង្គហេតុចំនួន៤

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលនិង យ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

    សូមបញ្ជាក់ថា សកម្មភាពរាវមីននេះត្រូវបានកងពលតូចថ្មើរជើងនៃយោធភូមិភាគទី៥កម្ពុជា ស្នើឱ្យផ្អាកដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ SOP រវាងភាគីទាំងពីរ ប៉ុន្តែភាគីថៃនៅតែបំពាន។ សកម្មភាពរំលោភបំពាននេះទៀតសោត ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានវត្តមាននៅទីនោះ។ បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ៖

    ទី១. រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីទាំងពីរបានឯកភាពលើបទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌ (ចំណុចទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ធ្វើនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ដែលមានន័យថា ភាគីទាំងសងខាងត្រូវរក្សាទីតាំងដែលខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។

    ទី២. រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលបទឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវមានចល័តកងកម្លាំងដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត (ចំណុចទី២ នៃ GBC)។ ភាគីទាំងពីរមិនត្រូវប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទដែលនាំឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល (ចំណុចទី៥ នៃ GBC)។ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹង ដូចជា សម្ដីអុជអាល និងសកម្មភាពរបស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង ១២ កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥)។

    ទី៣. រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា៤ នៃ MoU ឆ្នាំ២០០០ ចែងថា «នៅពេលបញ្ចប់ការវាស់វែង និងខណ្ឌសីមាព្រំដែនតំបន់ (Sector) នីមួយៗ អនុស្សរណៈនៃការយោគយល់គ្នាមួយនឹងត្រូវចុះហត្ថលេខា ដោយសហប្រធាននៃគណៈកម្មការចម្រុះព្រំដែន។ ផែនទីដែលបង្ហាញពីតំបន់ (Sector) ដែលបានបញ្ចប់ការងារវាស់វែងនិងខណ្ឌសីមាព្រំដែន ត្រូវចុះហត្ថលេខានិងភ្ជាប់ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ»។

    ទី៤. រំលោភលើគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិក្នុងការទទួលបានលំនៅឋាននិងជីវភាពសមរម្យ (មាត្រា ២៥ សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ (១) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌) និងសិទ្ធិលើកម្មសិទ្ធិ (មាត្រា ១៧ សេចក្តីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស) ដែលហាមការបណ្ដេញជនស៊ីវិលចេញពីផ្ទះសម្បែងដោយបង្ខំ ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធអន្តរជាតិ (មាត្រា ៤៩ នៃអនុសញ្ញាទី៤ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងវិធាន ១២៩ (ក) នៃច្បាប់ទំនៀមទម្លាប់មនុស្សធម៌អន្តរជាតិ)។

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបាន ជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យជាតិកម្ពុជា។

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBCនិង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ភាគីថៃនិងចាត់វិធានការចាំបាច់បំផុតដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លីនបែបនេះតទៅទៀត មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: