ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

    BY Nisaiy KN October 11, 2025
    អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

    អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

    ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ ដូចតទៅ “ចំពោះអចលនទព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជីនិងប្រកាសបង់ពន្ធលើ អចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងប្រកាសបង់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និង ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្ត ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់ ) រហូតដល់ដំណាច់ឆ្នាំ២០២៥។ ការលើកលែងនេះ ពុំមាន អានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។”

    អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលន- ទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Pay Store សម្រាប់អចលនទ្រព្យដែលធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមក GDT Call Center (១២៧៧) ឬ GDT Live Chat រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ។

    អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជា
    ពុំខាន៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

    Share This Post: