ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។

ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ដោយគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត ឱ្យក្រសួងមហាផ្ទៃជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។
ក- លក្ខខណ្ឌនៃការជ្រើសរើស
– បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ
– មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់
– មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក
– មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បេះដូង ថ្លើម សួត ជំងឺរបេង អេដស៍ ក្រុមឈាម និងតេស្តរកសារធាតុញៀន)
– មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់
– បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់
– មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើ និងមានអាយុយ៉ាងច្រើន ត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
– មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើឡើង និងមាន អាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
ខ- កាលបរិច្ឆេទនិងទីកន្លែងផ្តល់ពាក្យ ទទួលពាក្យ
ផ្តល់ពាក្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥
– ទទួលពាក្យ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥
– ទីកន្លែងផ្តល់និងទទួលពាក្យនៅនាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ។
គ- កាលបរិច្ឆេទនិងមណ្ឌលប្រឡង
កាលបរិច្ឆេទនិងមណ្ឌលប្រឡង នឹងជូនដំណឹងនៅពេលក្រោយ។
ឃ- ការចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា
បេក្ខជនម្នាក់ៗតម្រូវឱ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែង ដោយត្រូវ បំពេញព័ត៌មានបឋមតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/appform/request?recruit=gddte) ឬ ស្ទែន QR CODE រួចបោះពុម្ព(Print) បង្កាន់ដៃស្នើសុំពាក្យ ទុកបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិង ទទួលពាក្យបេក្ខជន នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ង- ឯកសារដែលត្រូវភ្ជាប់មកជាមួយ
នៅពេលបេក្ខជនម្នាក់ៗមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
– បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា ១ច្បាប់
– សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា (ច្បាប់ដើមនិងថតចម្លង) ១ច្បាប់
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ច្បាប់ដើមនិងថតចម្លង) ១ច្បាប់
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើមនិងថតចម្លង) ១ច្បាប់
– សៀវភៅស្នាក់នៅ និង/ឬសៀវភៅគ្រួសារ (ច្បាប់ដើមនិងថតចម្លង) ១ច្បាប់៕

