កម្ពុជា ជួបព្យុះទី២៣ ឈ្មោះ ‹‹ណាគ្រី›› តែកំពស់ទឹកតាមទន្លេមេគង្គចាប់ផ្តើមស្រក
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង តាមការព្យាករណ៍អាកាសធាតុពី ក្រសួងធនធានទឹក និងឧតុនិយម ថា ប្រទេសកម្ពុជា ជួបព្យុះទី២៣ឈ្មោះ ‹‹ណាគ្រី›› បានវិវត្តទៅជាព្យុះ ‹‹សង្ឃរា›› ដែលមានទីតាំងនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ប៉ុន្តែមានឥទ្ធិពលខ្សោយ មកលើរបបខ្យល់មូសុង និរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រ កម្ពុជានោះទេ។

យ៉ាងណាក៏ដោយចំហាយនៃព្យុះនេះបានធ្វើអោយមានភ្លៀង និងខ្យល់កន្ត្រាក់នៅ តំបន់ខ្ពង់រាប តំបន់វាលទំនាបនិងតំបន់មាត់សមុទ្របង្កអោយមានរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ តែទោះជាយ៉ាងនេះក្តីស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យគ្រប់កំពស់ទឹកនៅគ្រប់ស្ថានីយ៍ជលសាស្ត្រ ចាប់ពីផ្នែកខាងលើរហូតមកដល់ផ្នែកខាងក្រោមនៃប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ បានចាប់ផ្តើមស្រកវិញហើយ។
ដូចជា ស្ថានីយ៍ជលសាស្ត្រស្ទឹងត្រែង បានស្រកពី៧ម៉ែត្រ៩៨ មកនៅត្រឹម៧ម៉ែត្រ៨៣ ស្ថានីយ៍ជលសាស្ត្រក្រចេះបានស្រកពី១៨ម៉ែត្រ៧៥ មកនៅត្រឹម១៨ម៉ែត្រ៣៦ ស្ថានីយ៍ជលសាស្ត្រកំពង់ចាមបានស្រកពី១២ម៉ែត្រ៩៧ មកនៅត្រឹម១២ម៉ែត្រ៦៦ ស្ថានីយ៍ជលសាស្ត្រព្រែកក្តាមបានស្រកពី៨ម៉ែត្រ៥៦ មកនៅត្រឹម៨ម៉ែត្រ៤៨ ស្ថានីយ៍ជលសាស្ត្រចតុមុខ បានស្រកពី៩ម៉ែត្រ៣៩ មកនៅត្រឹម៩ម៉ែត្រ២៥ ស្ថានីយ៍ជលសាស្ត្រកោះខែលបានស្រកពី៧ម៉ែត្រ៧៥ មកនៅត្រឹម៧ម៉ែត្រ៦៧ និង ស្ថានីយ៍ជលសាស្ត្រអ្នកលឿងបានស្រកពី៦ម៉ែត្រ៨០ មកនៅត្រឹម៦ម៉ែត្រ៧១។ ដំណឹងនេះគឺជាការឆ្លើយតបចំពោះក្តីបារម្ភរបស់ប្រជាពលរដ្ឋ ខណៈមួយរយះចុងក្រោយនេះ កំពស់ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន