អភិបាលខេត្តតាកែវ ចុះពិនិត្យបន្ទាន់ និងដាក់វិធានការទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់ នៅស្រុកអង្គរបូរី ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់
(ខេត្តតាកែវ)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តតាកែវ ចុះពិនិត្យបន្ទាន់ និងដាក់វិធានការទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់ នៅស្រុកអង្គរបូរី ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្ថានភាពទឹកជំនន់ ដែលបានជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ ការចុះពិនិត្យបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម វ៉ី សំណាង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរអង្គភាពជំនាញទាំងអស់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការងារទប់ស្កាត់គ្រោះមហន្តរាយ និងគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលអាចកើតឡើងដោយយថាហេតុ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម វ៉ី សំណាង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរអង្គភាពជំនាញទាំងអស់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការងារទប់ស្កាត់គ្រោះមហន្តរាយ និងគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលអាចកើតឡើងដោយយថាហេតុ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលនេះផ្លូវលើខ្នងប្រឡាយ១២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានទឹកភ្លៀងជនលិចជាអន្លើៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុបណ្ដាលមកពីការហូរច្រោះនាំឱ្យដាច់ផ្លូវ ។
តាមរយៈនេះ សូមមន្ទីរធនធានទឹកខិតខំតាមដានការប្រែប្រួល នៃទឹក ផ្តល់ព័ត៌មានឱ្យដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ។ មន្ទីរកសិកម្មរុកខែប្រមាញ់និងនេសាទ ត្រូវត្រៀមបង្ការពូជស្រូវប្រដេញទឹកសម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋពេលដែលទឹកស្រក ។ ពេទ្យសត្វ ត្រូវត្រៀមថ្នាំបង្ការជំងឺផ្សេងៗដែលអាចកើតឡើងដល់សត្វពាស់ណាស់ដែលបណ្ដាលមកពីចំនន់ទឹកភ្លៀងនេះ ។
មន្ទីរសុខាភិបាល ត្រូវត្រៀមបង្ការថ្នាំពស់ចឹក សត្វទិច ឬខាំ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ មន្ទីរសាធារណការ និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមមធ្យោបាយសម្រាប់ជួសជុលផ្លូវក្រោយពេលដែលទឹកស្រក ។ គ្រប់ក្រុង ស្រុក ត្រូវពិនិត្យឱ្យប្រាកដថា ទីទួលសុវត្ថិភាពបានគិតគូររួចហើយ។ ក្នុងករណីកើតហេតុផ្សេងៗត្រូវប្រើប្រាស់យន្តការគណៈជាការឯកភាព របស់រដ្ឋបាលក្រុងស្រុកឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា។ ឯកឧត្តម ក៏បានក្រើនរំលឹកបន្ថែមថា បើមានបញ្ហាអ្វីកើតឡើង សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីជៀសវាងកើតមានជំងឺដង្កាត់ផ្សេងៗនារដូវនេះ។ ការចុះផ្ទាល់ដល់ទីតាំង និងការដាក់ចេញនូវវិធានការយ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្តនេះ បានបង្ហាញពីការគិតគូរខ្ពស់អំពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ៕





ប្រភព៖ ក្រសួងមហាផ្ទៃ