ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេច ហ៊ុន ម៉ាណែត ជួបអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ឯកភាពពង្រឹងកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបដិសេធមិនត្រូវការអន្តរាគមន៍ពីប្រទេសទី៣

    BY SOMATEY October 16, 2025
    សម្តេច ហ៊ុន ម៉ាណែត ជួបអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ឯកភាពពង្រឹងកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបដិសេធមិនត្រូវការអន្តរាគមន៍ពីប្រទេសទី៣

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ខែតុលាបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រថ្មី រួមទាំងការប្តេជ្ញាចិត្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

    ក្នុងជំនួបពិភាក្សាការងារនោះ សម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ដែលនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។

    ចំណុចស្នូលនៃកិច្ចពិភាក្សាគឺពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រទេសទាំងពីរនាពេលកន្លងមកបានផ្តល់លទ្ធផលល្អជាច្រើនរួចមកហើយ ហើយកម្ពុជា និងកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

    ឆ្លៀតក្នុងឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីរបាយការណ៍សារព័ត៌មានរបស់ប្រទេសជិតខាងមួយដែលបានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាពាក់ព័ន្ធនឹងជនជាតិកូរ៉េ។

    ជាការឆ្លើយតប សម្ដេចបានជម្រាបលោកជំទាវ គីម ជីណា ថា ប្រសិនបើករណីនេះជាការពិត កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសឡើយ។ សម្ដេចបានសង្កត់ធ្ងន់ថា៖ “មេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ”។

    សម្ដេចនាយករដ្ឋមន្ត្រីអះអាងពីភាពគ្រប់គ្រាន់នៃសមត្ថភាព និងលទ្ធភាពរវាងប្រទេសកម្ពុជា និងកូរ៉េ ក្នុងការសហការទ្វេភាគីដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះឡើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: