អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការបាក់ច្រាំងមាត់ស្ទឹង ស្ថិតនៅចំណុចវត្តជ្រោយ ក្នុងឃុំលើកដែក ស្រុកកោះធំ
(ខេត្តកណ្តាល)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ច្រាំងមាត់ស្ទឹង ស្ថិតក្នុងឃុំលើកដែក រងការបាក់ស្រុត បណ្តាលមកពីទឹកទន្លេមេគង្គ និងទឹកទន្លេបាសាក់ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំ នារសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ទីរជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែក ដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

តាមរបាយការណ៍ លោកអភិបាលស្រុកកោះធំ បានឱ្យដឹងថា៖ ទីតាំងដែលបានបាក់ស្រុតនេះ ស្ថិតនៅវត្តជ្រោយ ជាប់មាត់ស្ទឹងលើកដែក នៅពេលដែលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះ ធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតតែម្តង។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា៖ ហេតុការណ៍បាក់ស្រុតច្រាំងនេះបានបណ្តាល អោយច្រាំងស្ទឹងលើកដែកបាក់ស្រុតប្រវែង ៤០ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ម៉ែត្រ ព្រមទាំងបង្កការខូចខាតរោងលោកតាធ្វើពីបេតុង ១ខ្នង ទំហំ ៤x៤, របងគ្រឹះ១២ ម៉ែត្រ, សាបបេតុង ២០x២០ម៉ែត្រ, កុដិឈើប្រក់ក្បឿង ទំហំ ៦x២៤, កញ្ចុះបេតុងប្រក់ក្បឿង ទំហំ ៤x៦, ជណ្ដើបេតុងចុះមាត់ស្ទឹងទំហំ ២x៦, ដើមរាំងភ្នំ ២ដើម, ដើមឈើទាល ៥ដើម និងដើមស្វាយ ២ដើម៕





ប្រភព៖ ក្រសួងមហាផ្ទៃ