ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ មរតកមនុស្សរស់ ជំនាញចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ មរតកមនុស្សរស់ ជំនាញចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

កាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ មរតកមនុស្សរស់ ជំនាញចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញអមដំណើរពី លោក អ៊ុក រក្សា ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងក្រុមការងារ។
សូមបញ្ជាក់ជូនផងដែរថា លោកព្រឹទ្ធាចារ្យ ឯល ពេជ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន កាលពីថ្ងៃ ២០ ខែតុលា ឆ្នាំ ២០២៥ ដោយមានអាការៈឈឺចុកចាប់ និងហើមពោះ ដោយសម្រាកនៅទីនោះចំនួន ២ ថ្ងៃ។ ដោយស្ថានភាពលោកព្រឹទ្ធាចារ្យមិនបានធូរស្រាល ក៏បានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ក្រោយពីពិនិត្យឈាម និងស្គែនមួយតួខ្លួនរួចមក លោកគ្រូពេទ្យវិនិច្ឆ័យថា លោកព្រឹទ្ធាចារ្យ មានជំងឺរលាកលំពែង និងរីកស្រោមថង់ប្រមាត់ស្រួចស្រាល។ បច្ចុប្បន្ន លោកព្រឹទ្ធាចារ្យ កំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីបន្តតាមដានក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
ក្នុងឱកាសនោះ ឯកឧត្ដម បាននាំនូវការនឹករលឹក និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបានប្រគល់ថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២,០០០,០០០រៀល លោកជំទាវបណ្ឌិតសភាចារ្យ ១,០០០,០០០រៀល និងផ្លែឈើមួយកន្រ្តក៕

លោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ


ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: