ក.ប.ប. នឹងចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានានៅតាម រាជធានី-ខេត្ត លើការនាំចូល ចែកចាយ ការលក់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជ-ក់ និងស៊ីស្សា
រសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា រាជរដ្ឋាភិបាល ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

ក្នុងសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួង ពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្នុងគោលបំណងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវបទបញ្ជា លេខ ០២ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ស្តីពីការការដាក់វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍ អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមរយៈយន្តការចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានា នៅតាម រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមអប់រំ បង្ការ និងទប់ស្កាត់ ការ ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា បន្ថែមពីលើយន្តការចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងអាជីវករលក់ដូរនៅតាមបណ្តាសាលា និងគ្រឹះស្ថានអប់រំ ដែលអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តជាប្រចាំ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាសម្រេចឱ្យបានគោលបំណងដូចបានកំណត់ក្នុងបទបញ្ជាប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕

ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ