ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងស្រាវជ្រាវស៊ើបអង្កេតលើឧត្តមសេនីយ៍ទោ គង់ វុទ្ធី ពាក់ព័ន្ធរឿងទឹកប្រាក់ ២លានដុល្លារ

    BY soknita October 28, 2025
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងស្រាវជ្រាវស៊ើបអង្កេតលើឧត្តមសេនីយ៍ទោ គង់ វុទ្ធី ពាក់ព័ន្ធរឿងទឹកប្រាក់ ២លានដុល្លារ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រោយមានការបង្ហោះ ពាក់ព័ន្ធករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី ទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី ដើម្បីមកបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានមយយនេះ។

    ក្នុងនោះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។

    ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post: