ចង់ដាច់ផ្ញារ បន្ទាប់ពីតួអង្គ Cosplay បែកធ្លាយរូបភាព មុខហ្សីនអត់មានផាត់មុខ
ជំនាញតុបតែងមុខរបស់ cosplayer របស់ជនជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីនារីម្នាក់បានចេញផ្សាយរូបថតមុន និងក្រោយពេលផាត់មុខរបស់នាង។ នារីម្នាក់នោះមានឈ្មោះថា Itawasa ដែលគណនីនៅក្នុង Twitter ឈ្មោះថា @tws_a និងត្រូវបានគេស្គាល់ថា ជា Cosplay របស់តួអង្គ «Idolmaster» បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសហគមន៍ cosplay ជប៉ុន ក្រោយពីបង្ហាញមុខពិតដោយគ្មានការផាត់មុខរបស់នាង។

យោងតាម Soranews24 របស់ជប៉ុនបានឱ្យដឹងថា តាមរយៈរូបភាពមុន និងក្រោយផាត់មុខនេះ មនុស្សជាច្រើនបានសរសើរ Itawasa សម្រាប់ការផ្លាស់ប្តូរដូចវេទមន្តដ៏អស្ចារ្យមួយនេះ ខណៈមួយចំនួនផ្សេងទៀតក៏សរសើរនាងចំពោះទំនុកចិត្តរបស់់នាងផ្ទាល់ ដើម្បីបង្ហាញវាទៅកាន់សាធារណៈជន។ សម្រាប់រូបភាពមុនទទេស្អាតគ្មានការផាត់មុខអ្វីទាំងអស់នេះវិញ នាង Itawasa បានប្រាប់ថា ម្តាយរបស់នាងជាអ្នកថតឱ្យ នៅពេលដែលនាងទើបបញ្ចប់ការថែរក្សាស្បែកជាប្រចាំ (skincare routine) ជាមួយនឹងកាហ្វេមួយពែងក្នុងដៃ។
មានមតិខ្លះបានសរសេរថា៖ «វាកម្រឃើញមានណាស់ ដែលអ្នក cosplay មិនតុបតែងខ្លួន! ខ្ញុំគ្មានអ្វីនិយាយច្រើនទេ មានតែពាក្យសុំសរសើរ»។ មតិមួយទៀតក៏បាននិយាយថា៖ «ខ្ញុំតែងតែគិតថា ខ្ញុំមិនមានរូបរាងស្អាត អាចដើរតួជា cosplay ប៉ុន្តែពេលនេះវាធ្វើឱ្យខ្ញុំមានទំនុកចិត្តក្នុងការសាកល្បង។ សូមអរគុណ!»។ ចំណែកអ្នកឱ្យមតិផ្សេងទៀតក៏បានសរសើរថា ស្បែករបស់នាងពិតជារលោង តើអ្វីទៅជាអាថ៌កំបាំងរបស់នាង? ថ្វីបើពួកគេមានការភ្ញាក់ផ្អើល ប៉ុន្តែពួកគេនៅតែសរសើរចំពោះទំនុកចិត្ត និងភាពក្លាហានរបស់នាងជានិច្ច៕





អត្ថបទ៖ លីដា
ប្រភព៖ NextShark