ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សន្និសីទប្រធានសភានៃអន្តរសភា អំពាវនាវឱ្យថៃដោះលែងជាបន្ទាន់ នូវយុទ្ធជនកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួន

    BY Naren November 13, 2025
    សន្និសីទប្រធានសភានៃអន្តរសភា អំពាវនាវឱ្យថៃដោះលែងជាបន្ទាន់ នូវយុទ្ធជនកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួន

    សន្និសីទប្រធានសភានៃអន្តរសភា បានអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់នូវយុទ្ធជនកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាព ស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ ព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន។

    សន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងបន្តតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកលដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

    យោងតាមសេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភាដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា ឯកឧត្តម Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឯកឧត្តម លោកជំទាវជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង៤៥ប្រទេស។ សន្និសីទបានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោកដែលកំពុងរងការគំរាមកំហែងពីសង្គ្រាម នៅតំបន់នានារបស់ពិភពលោក គ្រោះមហន្តរាយធម្មជាតិជាដើម ដែលបានបង្អាក់ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា និងសកលលោកទាំងមូល។

    នាឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជម្រាបជូនអង្គសន្និសីទថាសន្តិភាពជាមូលដ្ឋានគ្រឹះគឺសំខាន់បំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏ប្រល័យអស់ពេលជិត៣០ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញនៅចុងទសវត្សទី៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ជាពិសេស កម្ពុជាបន្តអនុវត្តយ៉ាងម៉ត់ហ្មត់នូវ គោលការណ៍ដែលឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។

    គួរជម្រាបជូបថា សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសមាជិកជាង៤៥ប្រទេស អំពាវនាវឱ្យកម្ពុជា-ថៃឱ្យគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ព្រមទាំងសហការគ្នាក្នុងការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល៕ ដោយ៖ កន ចំណាន

    Share This Post: