ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ៖ ពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យផ្លូវដែកនៅកម្ពុជាប្រសើរឡើងវិញ

    BY soknita November 22, 2025
    ក្រសួងសាធារណការ៖ ពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យផ្លូវដែកនៅកម្ពុជាប្រសើរឡើងវិញ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យផ្លូវដែកនៅកម្ពុជាប្រសើរឡើងវិញ នៅទីស្ដីការក្រសួង។

    តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ក្នុងគម្រោង (Preliminary Survey for Improvement of Railway in Cambodia) គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

    ចំពោះកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋមពីការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា ការប្រមូលនូវធាតុចូលបន្ថែម និងស្វែងរកដំណោះស្រាយរួមមួយសំដៅធ្វើយ៉ាងណាឱ្យការសិក្សានេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៅមុនពេលគម្រោងចាប់ផ្តើមអនុវត្ត។

    បន្ថែមពីលើនេះ លោកជំទាវប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ សំដៅលើកកម្ពស់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: