ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឈើកាច់បាភ្នំ កំពុងក្លាយជាចំណុចទាក់ទាញទេសចរណ៍ថ្មី នៅខេត្តព្រៃវែង

    BY Nisaiy KN November 23, 2025
    ឈើកាច់បាភ្នំ កំពុងក្លាយជាចំណុចទាក់ទាញទេសចរណ៍ថ្មី នៅខេត្តព្រៃវែង

    (ខេត្តព្រៃវែង)៖ ឈើកាច់បាភ្នំ កំពុងក្លាយជាចំណុចទាក់ទាញទេសចរណ៍ថ្មី តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថិតក្នុងស្រុកបាភ្នំបច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ»ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរបានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។

    ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។

    តំបន់ «ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឲ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឲ្យសកម្មអភិវឌ្ឍន៍លើវិស័យនានា ជាពិសេសវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំង ជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ។

    សូមបញ្ជាក់ថា បាភ្នំ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿ ជាពិសេសពិធីឡើងអ្នកតាមេ ស ដ៏ល្បីល្បាញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: