បុរសម្នាក់ដែលដុ.តផ្ទះម្តាយបង្កើត បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នង បាត់បង់ជីវិតម្នាក់ និងរងរបួសម្នាក់ នៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរស ១នាក់ដែលដុតផ្ទះម្តាយបង្កើត បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នង បាត់បង់ជីវិតម្នាក់ និងរងរបួសម្នាក់ នៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ពាក់ព័ន្ធករណីចាក់សាំងដុតផ្ទះម្តាយបង្កើត បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់១០ខ្នង បាត់បង់ជីវិត ០១នាក់ (ស្រី) និងរងរបួស០១នាក់ (បុ្រស) នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សៅ ចិត ភេទប្រុស អាយុ២១ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី៕



ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ