ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីមូលហេតុបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមឆ្នាំនេះ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី គណៈកម្មាធិការជាតិអូឡាំពិច បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីមូលហេតុបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមឆ្នាំនេះ។

ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិច បានបញ្ជាក់ថា ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការសម្រេចចិត្តបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ នៅប្រទេសថៃ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់ អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។ ដូច្នេះប្រសិនបើយើងមិនទៅ នឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃ មិនមានសិទ្ធិណាមួយក្នុងការសម្រេចឱ្យយើងចូលរួម ឬមិនចូលរួមនោះទេ។ យើងដឹងហើយថា ការសម្រេចចិត្តនេះពិបាក តែក៏យល់ឃើញថា ម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ច ថែរក្សាសុវត្ថិភាពរបស់ ប្រតិភូកីឡា។ អ៊ីចឹងប្រសិនបើ កីឡាករ កីឡាការិនីកម្ពុជា រងការវាយប្រហារ នឹងបាក់មុខម្ចាស់ផ្ទះ។
ប៉ុន្តែទន្ទឹមនោះ ក៏យើងយកចិត្តទុកដាក់ដែរ។ ក្រុមមួយៗ សូមតែងតាំងអ្នកទទួលបន្ទុកសន្តិសុខ នរណាចេញទៅណា សូមឱ្យមានការទាក់ទង មានលេខទូរសព្ទ នរណាចេញទៅក្រៅ សូមចេញជាក្រុម។ ដូច្នេះសូមឱ្យមាន មន្ត្រីសន្តិសុខ និងមន្ត្រីសម្របសម្រួលមានទូរសព្ទ និងមានឈ្មោះ មានចុះវត្តមានប្រចាំថ្ងៃ។ យើងបានថ្លឹងថ្លែង មុនសម្រេចចិត្តដើម្បីផលប្រយោជន៍ជាតិ និងកិត្តិយសជាតិ។ យើងនឹងចាត់វិធានការតឹងរឹង ដើម្បីការពារសុវត្ថិភាព។”
គួរបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល ក្រុមអត្តពលិកចំនួន ២១ ប្រភេទកីឡា របស់កម្ពុជា នឹងចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥។
ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជាបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។
សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជាត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕



ប្រភព៖ Olympic Cambodia