ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គីឡូម៉ែត្រ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង បើកទំព័រថ្មីនៃកំណើនសេដ្ឋកិច្ច និងទេសចរណ៍
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គីឡូម៉ែត្រ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង បើកទំព័រថ្មីនៃកំណើនសេដ្ឋកិច្ច និងទេសចរណ៍។

ចំពោះផ្លូវជាតិលេខ១០ មួយនេះ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។
ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផង ដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកំសាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។
ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ៕





ប្រភព៖ ក្រសួងព័ត៌មាន