ថែរក្សាសុខភាពផង! តំបន់មួយចំនួននៅកម្ពុជា អាចចុះត្រជាត់ដល់ ១៨អង្សា ពីថ្ងៃនេះ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធាតុទឹក និងឧតុនិយម បានជូនដំណឹងពី ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ដែលនឹងទទួលរងឥទ្ធិពលពី ព្យុះទី២៧ ឈ្មោះ ភូតូ (Koto) T2527 ក្នុងកម្រិត ២០% ដែលអាចមានតំបន់មួយចំនួន នៅក្នុងប្រទេកម្ពុជាអាចចុះត្រជាក់់ដល់ ១៨°C ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិ ឆ្នាំ ២០២៥។

ក្រសួងធនធាតុទឹក និងឧតុនិយម បានបន្ថែមថា ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ ជាព្យុះទី២៧ឈ្មោះ ភូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ប្រទេសកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពល កម្រិត ២០% នៅចន្លោះរវាងចាប់ពីថ្ងៃទី ២៦ ដល់ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ពុំមានមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានមានភ្លៀងធ្លាក់ទេ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធាតុទឹក និងឧតុនិយម