រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្ត ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ
(ខេត្តបាត់ដំបង)៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្ត ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវនៅភ្នំសំពៅ ជាគោលដៅទេសចរដ៏សំខាន់មួយ នៅលើទឹកដីខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។

ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ សម្រាប់ទេសចរបរទេសក៏មានដែរ តែមិនច្រើនដូចភ្ញៀវជាតិនោះទេ។ តែយ៉ាងណា ទីតាំងកម្សាន្តមួយនេះ មានទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តឥតស្រាក់ស្រាន្តឡើយ។
ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច ទេសចរក៏បន្តទស្សនាសត្វប្រចៀវ ដែលស្ថិតនៅទីតាំងតែមួយ។
វេលាថ្មើរនោះ សត្វប្រចៀវហើរចេញពីរូងភ្នំសំពៅ ឆ្ពោះទៅកាន់ព្រៃឆ្ងាយៗ ដើម្បីរកចំណី ដូចជា សត្វមូស និងសត្វល្អិតផ្សេងៗទៀត។ សត្វប្រចៀវរាប់លានក្បាលនេះ ក៏រួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ខេត្តបាត់ដំបងផងដែរ។
បរិយាកាសនៅរមណីយដ្ឋានភ្នំសំពៅ ពិតជាស្រស់ស្អាត។ រមណីយដ្ឋាននេះ ក៏មានកន្លែងលក់ដូរ ចំណីអាហារ ភេសជ្ជៈ ទឹកដូង និងផ្លែឈើធម្មជាតិ សម្រាប់ភ្ញៀវទេសចរ សម្រាកលំហែអារម្មណ៍ជាមួយធម្មជាតិទៀតផង៕




ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង