ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ មួយទៀតហើយ ដែលទទួលបានជ័យលាភី (Best of the Best – Cambodia)

    BY soknita December 2, 2025
    អបអរសាទរ! សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ មួយទៀតហើយ ដែលទទួលបានជ័យលាភី (Best of the Best – Cambodia)

    (ប្រទេសអារ៉ាប៊ីសាអូឌីត)៖ តាមការចុះផ្សាយរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ថា សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ មួយទៀតហើយ ដែលទទួលបានជ័យលាភី (Best of the Best – Cambodia) កាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំង ពិភពលោក។

    ចំពោះ សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» និង «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែល រៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី (Best of the Best – Cambodia) ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ (៣០ឆ្នាំ) នៅក្នុងកម្មវិធី The Saudi Feast Food Festival ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំង ពិភពលោក។

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ កាលពីឆ្នាំ២០២១ និងសៀវភៅកេរដំណែល ស្នាដៃម្ហូបខ្មែរ ភាគ២ ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងលើកស្ទួយវិស័យការទូតអាហារ និងលើកកម្ពស់ កិត្យានុភាពជាតិ ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួង។ ពានរង្វាន់ខាងលើជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ បន្ទាប់ពីសៀវភៅភាគ ១ ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន “Best Asian Cookbook» ក្នុង ឆ្នាំ២០២១ «Best Asian Cuisine Book» និង «Heads of State/Food» ក្នុងឆ្នាំ២០២២ និង “Best Television Awards» ក្នុងឆ្នាំ ២០២៣។

    ទន្ទឹមនេះ សៀវភៅភាគ២ ទើបនឹងទទួលបានពានរង្វាន់ «Special Award of the Jury» កាលពីខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។ សៀវភៅម្ហូបទាំង ២ បានពិពណ៌នាយ៉ាងពិស្តារពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមដែលជាទីពេញនិយម របស់ប្រជាជនខ្មែរ តាមរយៈវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស។ ការទទួលបានពានរង្វាន់ជាបន្តបន្ទាប់របស់សៀវភៅម្ហូបទាំង ២ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post: