កម្ពុជាស្វាគមន៍កំណើតកូនផ្សោតថ្មីទី៨ នៅអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី ១ ខែធ្នូ
(ខេត្តក្រចេះ)៖ យោទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង ១៥និង៤០នាទីរសៀល ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាលផ្សេងទៀត។

គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១ ៨ថ្ងៃ ពោល គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣/០១១ ៣៥៥ ៨៨៣/០៩៩ ៧៩១ ៩១៩/០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕



ប្រភព៖ ក្រសួងព័ត៌មាន