ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ អត្រានៃអំពើហិង្សាធ្លាក់ចុះ ចាប់បីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២

    BY soknita December 2, 2025
    រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ អត្រានៃអំពើហិង្សាធ្លាក់ចុះ ចាប់បីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២

    យោងទៅតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Michelle O’Byrne ឯកអគ្គរាជទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ ក្នុងគោលបំណងពិភាក្សា ចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ រវាងប្រទេសទាំងពីរក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ជាពិសេសផ្តោតលើអាទិភាពមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ព្រមទាំងរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាដើម។ល។

    លោកជំទាវកិត្តិបណ្ឌិត បានចែករំលែកនូវវឌ្ឍនភាពពាក់ព័ន្ធទៅនឹងអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាដែលមានការថយចុះពី ២៩% នៅក្នុងឆ្នាំ២០១៤ មកដល់ ២១% នៅក្នុងឆ្នាំ២០២២ ដោយមានការចូលរួមអន្តរាគមន៍ និងកិច្ចសហប្រតិបត្តិការពីគ្រប់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ តាមរយៈការផ្ដល់សេវាកម្មពហុវិស័យ និងកិច្ចការពារផ្លូវច្បាប់ឆ្លើយតបនឹងអំពើហិង្សាប្រកបដោយប្រសិទ្ធភាព ការបណ្តុះបណ្តាលដល់នគរបាលយុត្តិធម៌ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ស្រ្តីរងគ្រោះដោយអំពើហិង្សា។ល។ ក្រសួងកិច្ចការនារីក៏បាននិងកំពុងរៀបចំកម្មវិធីលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ដើម្បីពង្រីកទស្សនៈ និងសាមគ្គីភាពនៅក្នុងក្រុមគ្រួសារផងដែរ។

    លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានបង្ហាញអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការដឹកនាំក្នុងការបង្កើតឱ្យមាន (១) ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ (២) កញ្ចប់ឧបករណ៍ និងគោលការណ៍ណែនាំទាក់ទងជាមួយនឹងការធ្វើមូលដ្ឋាន័យកម្មស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងបានសម្ពោធជាផ្លូវការនូវរបាយការណ៍ស្តីពីការវិភាគស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខ ហើយគ្រោងនឹងបង្កើតនូវផែនការសកម្មភាពស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅឆ្នាំ ២០២៦ ខាងមុខនេះ។

    លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកឡើងអំពីកង្វល់មួយចំនួនពាក់ព័ន្ធនឹងអំពើហិង្សាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទៅលើស្រ្តី និងក្មេងស្រី ដែលនេះជាទម្រង់ថ្មីមួយនៃអំពើហិង្សាដែលកើតមាននៅក្នុងយុគសម័យឌីជីថលនេះ។

    លោកជំទាវ Michelle O’Byrne បានបង្ហាញនូវចំណាប់អារម្មណ៍ និងគាំទ្រនូវការលើកឡើងរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ដោយលោកជំទាវក៏បានបង្ហាញដូចគ្នានូវកង្វល់ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការជម្រុញឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រជាពិសេសលើស្រ្តី និងក្មេងស្រី និងបានចែករំលែកនូវបទពិសោធន៍ និងការអនុវត្តឆ្លើយតបនឹងបញ្ហានេះនៅប្រទេសអូស្រ្តាលីផងដែរ។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានជម្រាបជូនផងដែរថាក្រសួងកិច្ចការនារី នឹងសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធីបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមជ្ឈមណ្ឌលនេះនឹងក្លាយជាមជ្ឈមណ្ឌលជាតិមួយក្នុងការជួយគាំទ្រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាពដល់ស្រ្តីផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: