អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា មានគម្រោងទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ក្នុងន័យធ្វើយ៉ាងណា ដើម្បីទាក់ទាញ និងពន្យារពេលរបស់ភ្ញៀវដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប ជាពិសេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ឱ្យពន្យារពេលនៃការស្នាក់នៅមានរយៈពេលកាន់តែយូរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។
លោក សេង សុធារ៉ា បានបន្តថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ គឺអាជ្ញាធរជាតិអប្សរា កំពុងសិក្សាផលិតផលទេសចរណ៍ថ្មីទៅលើផ្លូវជិះកង់បន្ថែមពីលើផ្លូវកង់ដែលមានស្រាប់។ ការសិក្សាផ្លូវជិះកង់ថ្មីបន្ថែមទៀតនេះ ប្រយោជន៍ដើម្បីឱ្យភ្ញៀវទេសចរអាចមានជម្រើសកាន់តែច្រើន ក្នុងការជិះកង់ទៅទស្សនាតំបន់ឆ្ងាយៗ ដូចជា ទៅប្រាសាទភ្នំបូក ប្រាសាទលាក់នាង ព្រមទាំងអាចភ្ជាប់ដំណើរកម្សាន្តនេះទៅនឹងជីវភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ រុនតាឯក ក្រុង រុនតាឯកតេជោសែនផងដែរ។
លោកបានបន្ថែមថា លើសពីនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មីៗបន្ថែមទៀត ដូចជានៅភ្នំបូករៀបចំឱ្យមានផ្លូវជិះកង់ទៅលេងប្រាសាទទ ប្រាសាទត្រពាំងចំបក់ជាដើម ដែលគម្រោងនេះកំពុងតែដាក់ឱ្យដំណើរការ។ ក្នុងគម្រោងពង្រីកវង់ទេសចរណ៍ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងតែរៀបចំសម្រួលកន្លែងលក់ដូរសម្រាប់ភ្ញៀវទេសចរឱ្យមានរបៀបរៀបរយ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នៅក្នុងប្រាសាទដូចជា ដាក់ស្លាកសញ្ញាប្រាប់ទិស និងព័ត៌មានបន្ថែមផ្សេងៗ ដើម្បីឱ្យអ្នកទេសចរដែលទៅទស្សនាប្រាសាទបានយល់ច្បាស់ បើទោះបីជាមិនមានមគ្គុទ្ទេសក៍ទេសចរណ៍នាំផ្លូវ ក៏គាត់អាចយល់ដឹងនិងស្វែងយល់ពីរឿងរ៉ាវថ្មីៗបានដោយខ្លួនឯង៕



ប្រភព៖ ក្រសួងព័ត៌មាន