អ្នកដំណើរ ១៦៩នាក់ បានជម្លៀសខ្លួនចេញពីយន្តហោះជាបន្ទាន់ ក្រោយមានអគ្គិភ័យមួយនៅព្រលានយន្តហោះនៃប្រទេសប្រេស៊ីល
- BY
- Pheakdey
- December 6, 2025
ប្រេស៊ីល៖ អ្នកដំណើរចំនួន ១៦៩នាក់ ត្រូវបង្ខំចិត្តរត់ជម្លៀសខ្លួនចេញពីយន្តហោះជាបន្ទាន់ ក្រោយមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងព្រលានយន្តហោះនៃប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែធ្នូ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Sao Paulo ដែលជាព្រលានយន្តហោះធំនិងទំនើបបំផុតនៅក្នុងប្រទេសប្រេស៊ីល។

ប្រភពខាងលើបានបន្តថា អ្នកដំណើរទាំង ១៦៩នាក់ខាងលើនេះ គឺជាអ្នកដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines ដែលត្រៀមនឹងចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Sao Paulo ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ Porto Alegre ស្ថិតនៅភាគខាងត្បូង នៃប្រទេសប្រេស៊ីល។ បើតាមអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានបញ្ជាក់ថា អគ្គិភ័យខាងលើនេះបានកើតឡើងដោយសារមានភ្លើងឆេះសម្ភារៈមួយចំនួននៅលើផ្លូវចុះចតរបស់យន្តហោះ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






