ក្រសួងអប់រំ ៖ «គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់ ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ»
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយរបស់់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ឱ្យដឹងថា គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់ ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ ៥មករា និងនៅចំការចេក៕

ប្រភព៖ MoEYS Cambodia