ព័ត៌មានជាតិ

ក្រសួងអប់រំ៖ «សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៤ខេត្តបិទទ្វារ សរុប ៣៧៧សាលា គ្រូបង្រៀន ៣១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់»

BY
soknita
December 8, 2025

(រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៤ខេត្តបន្តបិទទ្វារ សរុប ៣៧៧សាលា គ្រូបង្រៀន ៣១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់។

ចំពោះខេត្តទាំង ៤នៅតាមបន្ទាត់ព្រំដែន ដែលបានបិទទ្វារមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារពីភាគីថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ ៥មករា និងនៅចំការចេក៕

ប្រភព៖ MoEYS Cambodia

Share This Post: