ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ច្រានចោលការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដោយបញ្ជាក់ថា យោធាថៃជាអ្នកបើកការវាយប្រហារមុន នៅព្រឹកថ្ងៃទី៨ ធ្នូ

BY
SOMATEY
December 8, 2025

(ភ្នំពេញ)៖ យោងតាម ក្រសួងព័ត៍មាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាបានបើកការបាញ់ប្រហារមុន និងប្រើប្រាស់សព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែន។ ក្រសួងបានចាត់ទុកការផ្សាយនេះថាជា «ព័ត៌មានមិនពិត» និងបានបញ្ជាក់ច្បាស់ៗថា ភាគីថៃទេដែលជាអ្នកចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា។

យោងតាមប្រភពពីក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក កងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការបន្តសកម្មភាពបង្កហេតុ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពញុះញង់ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ ជាពិសេសគឺឧបទវហេតុដែលបានកើតឡើងកាលពីម្សិលមិញនៅតំបន់ «ព្រលានថ្ម» ដែលមានចេតនាចង់ឱ្យមានការប៉ះទង្គិចគ្នាកើតឡើង។ ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ ភាគីកម្ពុជាបានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់កម្រិតខ្ពស់។

ក្រសួងការពារជាតិបានបញ្ជាក់ថា ដោយឈរលើស្មារតីនៃការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនាព្រឹកនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទៅវិញឡើយ ដោយបន្តតាមដានការវិវត្តនៃស្ថានការណ៍នេះដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត។

ពាក់ព័ន្ធនឹងវិធានការដោះស្រាយ ក្រសួងការពារជាតិបានឱ្យដឹងថា កម្ពុជាបានជូនដំណឹងជាផ្លូវការជាលើកទីពីរទៅកាន់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចរាល់ហើយ។ បន្ថែមពីនេះ កម្ពុជាគ្រោងនឹងស្នើឱ្យ AOT ចុះទៅកាន់ទីតាំងកើតហេតុផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិត ក្នុងគោលបំណងធានាបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវនៃហេតុការណ៍ដែលបានកើតឡើង៕

ប្រភព៖ ក្រសួងព័ត៍មាន

Share This Post: