ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

BY
soknita
December 10, 2025

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួម​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​ផ្ទុះសង្រ្គាម​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ដោយបានអះអាង​ថា ឯកឧត្ដម​មានកា​របារម្ភ និង​បានតាមដានដោយយក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់​ពលរដ្ឋ​ស្លូតត្រង់​នៃប្រទេសទំាងពីរ។

នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានពិភាក្សាគ្នាដោយត្រង់ និង​បើកចំហ​ក្នុងការ​លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់មកហើយ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន​បន្ថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ សំដៅ​ធ្វើយ៉ាងណា​នាំមក​នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការដាក់ស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជាជាថ្មីឡើងវិញ កាលពីខែមីនា ឆ្នាំ២០២៥ គឺជាសញ្ញាណវិជ្ជមាន​ដ៏​សំខាន់ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត ការជឿជាក់ និងស្របតាមយុទ្ធសាស្រ្ត គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកាណាដា​ចំពោះ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជា​សម្រាប់​កម្ពុជា នៅក្នុង​ការ​ពង្រឹង និងពង្រីក​ទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមំាថា នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទំាងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើង ទំាងការងារការទូតសភា និងវិស័យផ្សេងៗទៀតដូចជាការអប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន។ ទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ ផ្អែក​លើ​ភាពស្មោះត្រង់ និង​ការជឿជាក់គ្នា​ទៅវិញ​ទៅមក​ដោយ​យកពលរដ្ឋជាស្នូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា កាណាដា​ជាដៃគូអភិវឌ្ឍន៍​ដ៏សំខាន់​មួយ​របស់កម្ពុជា។ កាណាដា​បានរួមចំណែកជួយការងាររដ្ឋ​សភាកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក។ ក្នុងរយៈពេលចុងក្រោយនេះ កាណាដា​បាន​ផ្តល់​នូវជំនួយអភិវឌ្ឍន៍ជាទឹកប្រាក់​ប្រមាណ ២៣.១ លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៣។ ចំណែកពាណិជ្ជ​កម្មវិញ កាណាដាបាននាំ​ចូល​ទំនិញ​ដ៏ធំច្រើន​សន្ធឹកសន្ធាប់ពីកម្ពុជា ដែលក្នុងនោះភាគច្រើនគឺសម្លៀក​បំពាក់ ស្បែកជើង វាយនភណ្ឌ និងកាបូប ជាដើម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ៣ ត្រីមាសដំបូង បានកើនលើស ១ ពាន់លានដុល្លារអាមេរិក ដោយឡែកនៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជ​កម្ម​សម្រេចបានដល់ ២,៤ ពាន់លានដុល្លារ ដែលនេះជាសញ្ញាណវិជ្ជមានដ៏ល្អ និងបញ្ជាក់ច្បាស់អំពីលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសម្តែងការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តម លើកឡើងថា កម្ពុជាជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានផ្តល់តួនាទីសំខាន់ៗជូនស្រ្តី ដូចជាតួនាទីប្រធានរដ្ឋសភា រដ្ឋមន្រ្តី និងប្រធានស្ថាប័នជាច្រើនទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ ពីសមិទ្ធផល និងគម្រោងជាច្រើនដែលកាណាដាបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កាណាដាបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការជួយនិងគំាទ្រកម្ពុជា ក្នុងការរៀបបចំកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វីនី នៅឆ្នាំ២០២៦ ខាងមុខ ហើយនៅពេលនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា និងធុរជនកាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា នៅកម្ពុជា នាពេលខាងមុខ។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនី របស់ ឯកឧត្តមនាយកដ្ឋមន្រ្តីកាណាដានៅកម្ពុជាគឺជាទំព័រថ្មីមួយ ដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំ ទំាងកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបានកត់សម្គាល់ថា ទោះបីកាណាដានៅឆ្ងាយពីកម្ពុជាក្តី តែ​មនោ​សញ្ចេត​នា​ប្រជាពលរដ្ឋប្រទេសទំាងពីរមានលក្ខណៈស្និទ្ធស្នាលបំផុត។

ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមពិតទៅ​ជម្លោះព្រំដែនរវាងប្រទេសទំាងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខា​ទទួលស្គាល់ដោយបារាំងនិងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្រ្គាម ដូច្នេះហើយបានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយ​សារមិនចង់ឱ្យពលរដ្ឋទាំងសង​ខាង​រងគ្រោះ ទទួលការលំបាកពីភ្លើងសង្រ្គាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា បើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។

សម្តេចបានសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិល​ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: