អ្នកនាំពាក្យក្រសួងការពារជាតិ៖ បើសិនគ្មានចំណាត់ការណាមួយចំពោះទង្វើខុសច្បាប់របស់យោធាថៃ ឈ្លានពានកម្ពុជាទេ ថ្ងៃស្អែកយោធាថៃ នឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន
- BY
- soknita
- December 11, 2025
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនគ្មានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃ ទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួននោះទេ ថ្ងៃនេះ កងទ័ពថៃ ឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នា ចំពោះប្រទេសដទៃទៀត ដែលខ្សោយ និងតូចជាងខ្លួន។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥។

លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ទង្វើរបែបនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។ លោកជំទាវ ឧត្ដមសេនីយ៍ឯកបានលើកឡើងថា ចាប់ពីរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងយោធាថៃបានបាញ់ប្រហារជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតកើនឡើងរហូតដល់១០នាក់ ក្នុងនោះ មានទាករម្នាក់ផងដែរ និងមានជនស្លូតត្រង់ ស៊ីវិលរងរបួសកើនឡើងរហូតដល់៦០នាក់។លោកជំទាវ ឧត្ដមសេនីយ៍ឯកបានបន្ដថា ក្រសួងការពារជាតិកម្ពុជាបានសម្តែងការសោកស្តាយចំពោះទង្វើរពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាច់ មួលបង្កាច់ បំភ្លៃការពិត និង គ្មានមូលដ្ឋានម្តងហើយម្តងទៀតរបស់ភាគីថៃ ដែលក្លាយជាទម្លាប់របស់កងទ័ពថៃ ដើម្បីយកមកធ្វើជាលេសបម្រើមហិច្ឆតាឈ្លៀនពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ។
ជាមួយគ្នានេះ លោកជំទាវ ឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងទៀតថា ចាប់តាំងពីការបើកវាយប្រហារយ៉ាងកំរោល និងខុសច្បាប់របស់យោធាថៃ ដោយបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី កម្ពុជា-ថៃ បើទោះបីជាមានការអំពាវនាវយ៉ាងទទូច ពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ភ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះក្ដី ភាគីថៃ បានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ។ ចំណែកភាគីកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ម្តងហើយម្តងទៀតអំពីការគោរពនៃកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងដទៀត ដែលសបញ្ជាក់ឱ្យឃើញថា តើកម្ពុជា ឬថៃដែលស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជំម្លោះដោយសន្តិវិធីដោយពិតប្រាកដនោះ ។
ជាមួយគ្នានេះ លោកជំទាវ ឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានថ្លែងឱ្យដឹងផងដែរថា ជាក់ស្តែង យោធាថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានច្បាប់អន្តរជាតិរាប់មិនអស់ ក្នុងនោះ មានការប្រើប្រាស់ យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកទៅលើកន្លែងជនស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ចេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ ប្រាសាទតាក្របី ការបាញ់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយមិនរើសគោលដៅ និងបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់បានស្លាប់ និងរងរបួស ក្នុងនោះមានទាំងស្ត្រី កុមារ មនុស្សចាស់ជរា និងទង្វើល្មើសច្បាប់ជាច្រើនទៀត។ លោកជំទាវ ឧត្ដមសេនីយ៍ឯកបានបន្ដថា បើទោះជាមានបានរំលោភបំពាន និងទង្វើជាច្រើនរាប់មិនអស់ កងទ័ពថៃបានថែមចោទកម្ពុជាយ៉ាងងងើល ដែលគោលដៅតែមួយគត់គឺបង្កើតលេស ដើម្បីបម្រើការឈ្លានពាន និងវាយប្រហារមកលើជនស្លូនត្រង់កម្ពុជា។
លោកជំទាវ ឧត្ដមសេនីយ៍ឯកក៏បានបន្ថែមថា សហគមន៍អន្តរជាតិ នឹងមិនព្រងើយកណ្តើយ ហើយអនុញ្ញាតឱ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាពតាមរយៈបោះបង់ចោលកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពសន្តិភាព រវាងកម្ពុជា-ថៃ ហើយមកជ្រើសរើសការគំរាមកំហែង ការប្រើប្រាស់កម្លាំង ដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ សូម្បីតែបន្តិច ដោយបន្តទង្វើររបស់ខ្លួនដោយនិទណ្ឌភាព។ លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ក្រសួងការពារជាតិបានអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ចំពោះការវាយប្រហារដោយមិនរើសអើង ជាពិសេសលើប្រជាជនស៊ីវិល ហេរដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារលើទីតាំងប្រវត្តិសាស្ត្រ ដែលមិនត្រឹមជាសម្បត្ដិវប្បធម៌ដ៏មានតម្លៃសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ស ប្រែទៅជាខ្មៅ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






