ព័ត៌មានជាតិ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី នៅថ្ងៃទី ១០ ខែធ្នូ

BY
soknita
December 11, 2025

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របីនេះ គឺបន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបាន បំផ្លាញទាំងស្រុង នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ទោះជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។

ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំង បុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសចំពោះទង្វើអសីលធម៌មកលើវិស័យវប្បធម៌ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញា នានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួម ថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការ ឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះនៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះកុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕

ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

Share This Post: