ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យ ទោះក្នុងទម្រង់មួយណាឡើយ

BY
soknita
December 12, 2025

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅនរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កម្ពុជាមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យ ទោះក្នុងទម្រង់មួយណាឡើយ ក្នុងការប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា។

ការថ្លែងប្រកាសច្បាស់ៗ របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយសូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរ និអធិបតេយ្យភាពដោយអង់អាចក្លាហាន និងដោយមិនងាករេដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។

សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែកអធិតេយ្យរបស់កម្ពុជា ដូចដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដី និងប្រជាជនទោះក្នុងតម្លៃណាក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: