ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរាជរដ្ឋាភិបាលពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ជាបណ្តោះអាសន្ន ក្រោយមានការវា-យប្រហារធ្ងន់ធ្ងរ

BY
soknita
December 13, 2025

(រាជធានីភ្នំពេញ)៖ យោតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការផ្អាករាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ជាបណ្តោះអាសន្ន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកងទ័ពថៃចូលមកក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

តាមរយៈសារផ្ញើជូនជនរួមជាតិ សម្តេចតេជោបានគូសបញ្ជាក់ពីស្ថានភាពដ៏តានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសម្តេចបានលើកឡើងថា កងទ័ពថៃបានធ្វើការឈ្លានពាន និងវាយប្រហារសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ។ ការវាយប្រហារទាំងនោះ រាប់បញ្ចូលទាំងការប្រើប្រាស់កាំភ្លើងធំ និងយន្តហោះ វាយបំផ្លាញស្ពាន ថ្នល់ សាលារៀន និងវត្តអារាម។ លើសពីនេះ សម្តេចតេជោបានឱ្យដឹងថា មានការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោមនៅទីតាំងជាច្រើន រាប់ទាំងកន្លែងដែលមានពលរដ្ឋថៃកំពុងរស់នៅ និងធ្វើការក្នុងទឹកដីកម្ពុជាផងដែរ។

ឈរលើសភាពការណ៍ជាក់ស្តែង និងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ដល់រាជរដ្ឋាភិបាល ដើម្បីពិចារណាផ្អាកការធ្វើដំណើររបស់ប្រជាជនទាំងសងខាង (កម្ពុជា-ថៃ)។

ពាក់ព័ន្ធនឹងវិធានការនេះ សម្តេចតេជោ បានអំពាវនាវដូចខាងក្រោម៖ ១. ចំពោះពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ សូមបន្តស្នាក់នៅទីនោះសិន។ ២. ចំពោះពលរដ្ឋថៃដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា ត្រូវបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាដដែល។

សម្តេចតេជោបានបញ្ជាក់ថា ការអនុវត្តបែបនេះត្រូវធ្វើឡើងរហូតទាល់តែបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលធ្វើដំណើរ ជាពិសេសនៅតំបន់ព្រំដែន។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរឱ្យប្រជាជននៃប្រទេសទាំងពីរមានការយោគយល់ចំពោះកាលៈទេសៈដ៏លំបាកនេះ។ ជាពិសេស សម្តេចបានទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្ថិភាពជូនប្រជាជនថៃដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជា ឱ្យរួចផុតពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់កាំភ្លើង គ្រាប់បែក ឬផ្សែងពុល ដែលបាញ់ចេញពីភាគីថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: