ក្រសួងមហាផ្ទៃ សេចក្តីប្រកាសព័ត៌មាន ពី ការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី
- BY
- soknita
- December 13, 2025
(រាជធានីភ្នំពេញម)៖ នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី ការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ យោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា វាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ព្រមទាំង ប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា សូម ជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ- ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ សាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។
ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃត្រូវបន្តរស់នៅ និងធ្វើការក្នុង ប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បី ធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃកុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់ តាមព្រំដែន។
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋ កម្ពុជាដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






