ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈ ប្រទេសកំពុងជួបប្រទះការឈ្លានពានពីប្រទេសជិតខាង

BY
Nisaiy KN
December 14, 2025

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈ ប្រទេសកំពុងជួបប្រទះការឈ្លានពានពីប្រទេសជិតខាង។

ខ្លឹមសារទាំងស្រុង៖ “ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា”៕

ប្រភព៖ សម្តេចធិបតី Hun Manet

Share This Post: